សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ ជាសហគមន៍នៅលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឃុំផាត់សណ្តាយ មានភូមិចំនួន ៥ មានប្រជាពលរដ្ឋរស់នៅចំនួនជាង ១ពាន់គ្រួសារ ហើយប្រជាពលរដ្ឋប្រមាណ ៩០% ជាអ្នកប្រកបរបរនេសាទត្រី។
សហគមន៍លើផ្ទៃបឹងទន្លេសាបមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួង ស្ថាប័ន និងអង្គការក្រៅ រដ្ឋាភិបាល តាមរយៈការដាក់ចេញនូវគម្រោងជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍តំបន់នេះឱ្យកាន់តែប្រសើរ។ ការយកចិត្តទុកដាក់ពីសំណាក់អ្នកពាក់ព័ន្ធបែបនេះ ជាការណ៍មួយដែលបញ្ជាក់ពីភាពរីកចម្រើននៃ សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
ចំណូលមួយផ្នែក ដែលសហគមន៍អាចរកបានគឺ តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍ ដោយក្នុងមួយថ្ងៃ សហគមន៍បានទទួលភ្ញៀវជាមធ្យម ១០នាក់។ ក្នុងនោះ ប្រជាសហគមន៍អាចរកចំណូលបានតាមរយៈ ការផ្ដល់សេវាកម្មផ្ទះស្នាក់ អាហារ ការធ្វើដំណើរតាមទូកឬកាណូត ជាដើម។
ក្រៅតែពីការផ្ដល់សេវាកម្មទេសចរណ៍ទៅ ប្រជាជនក្នុងសហគមន៍ក៏បានបង្កើតនូវផលិតផលដែលធ្វើ ដោយដៃដូចជា វត្ថុអនុស្សាវរីយ៍ និងកាបូបច្នៃចេញពីកំប្លោកជាដើម។ បន្ថែមពីនេះ ក៏មាននូវផលិតផល អាហារកែច្នៃផ្សេងទៀតដូចជា ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក ។ល។
ផលិតផលទាំងអស់នេះមិនត្រឹមតែ លក់ជូនទៅដល់ភ្ញៀវទេសចរតែប៉ុណ្ណោះទេ តែក៏នឹងលក់តាមរយៈពិព័រណ៍ផ្សេងៗផងដែរ។
ទីតាំងផ្លូវចូលតាមឆ្នុកទ្រូកំពង់ឆ្នាំងជិតជាងតាមកំពង់ធំ៖ https://maps.app.goo.gl/Dv9TCDj7LJHQ29s8A




